កម្ពុជាអាចនឹងរៀបចំនូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវកម្មនៅពេលខាងមុខ ដើម្បីទប់ស្កាត់ចលនាជ្រុលនិយម ដែលនៅព្យាយាមប៉ុនប៉ងបំផ្លាញសន្ដិភាពនៅកម្ពុជា! នេះបើតាមការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបែបនេះថ្លែងបែបនេះពីប្រទេសកូរ៉េ ខណៈសម្តេចទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នៅខេត្តឃ្យុងសាងបុកដូ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈបាឋកថាពិសេសស្ដីពី«បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ កសាងសន្ដិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា៖ “ប្រហែលកម្ពុជាមានការចាំបាច់រៀបចំនូវច្បាប់ដាក់ក្រុមមនុស្សឬអង្គការចាត់តាំងខ្លះទៅជាក្រុមភេរវកម្មនៅពេលខាងមុខ។ យើងកំពុងពិចារណាទៅលើបញ្ហានេះ ព្រោះថាអ្នកប៉ុនប៉ងបំផ្លាញសន្ដិភាពរបស់យើងក៏នៅតែមាននៅឡើយ។ ដូច្នេះ ដើម្បីធានាទៅលើបញ្ហានេះ យើងត្រូវគិតគូរឱ្យបានហ្មត់ចត់”។ សម្តេចបានមានប្រសាសន៍ថា គម្រោងធ្វើច្បាប់ខាងលើនេះគឺដោយសារក្រុមបុគ្គលមួយចំនួនដែលប៉ុនប៉ងបំផ្លាញសន្ដិភាព មិនទាន់បោះបង់គំនិតអាក្រក់របស់ពួកគេនៅឡើយ។ នាពេលកន្លងមក មានអ្នកខ្លះក៏បានលើកឡើងថា បើមានសន្តិភាពហើយ ចាំបាច់ប្រឹងប្រែងនិយាយពីសន្តិភាពធ្វើអ្វី។ ត្រង់ចំណុចនេះ សម្ដេចតេជោបានចោទសួរត្រឡប់ទៅវិញថា តើហេតុអ្វីបានជាសហរដ្ឋអាម៉េរិកនិងប្រទេសមួយចំនួនដែលមានសន្តិភាពរួចហើយ នៅខិតខំរៀបចំប្រព័ន្ធអាវុធកាន់តែទំនើបៗ ដើម្បីអ្វីទៅ? ប្រាកដណាស់ គឺដើម្បីការពារសន្តិភាព។ ដូច្នេះ មិនចម្លែកទេដែលកម្ពុជាត្រូវនិយាយពីសន្តិភាពនិងការការពារសន្តិភាព។ សម្ដេចតេជោបានគូសបញ្ជាក់ថា សង្គ្រាមពិតជាងាយនឹងបញ្ឆេះ ប៉ុន្តែដើម្បីបញ្ចប់សង្គ្រាម កម្ពុជាត្រូវការរយៈពេលជិត ៣០ ឆ្នាំ ហើយមកដល់ពេលនេះកម្ពុជាទើបតែមានសន្តិភាពពេញលេញរយៈពេល ២៦ ឆ្នាំប៉ុណ្ណោះ តែក៏ជាសន្តិភាពរយៈពេលវែងជាងគេក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំរបស់ខ្លួន។ កម្ពុជាមិនត្រូវការសន្ដិភាពត្រឹមតែ ២៦ ឆ្នាំនេះទេ ប៉ុន្ដែកម្ពុជាត្រូវការសន្ដិភាពជារៀងរហូត។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋគប្បីយល់ឱ្យបានច្បាស់អំពីគុណតម្លៃសន្តិភាពនិងចូលរួមថែរក្សាសន្តិភាពប្រកបដោយបុរេសកម្ម ពីព្រោះនៅពេលដែលគ្មានសន្តិភាព កុំនិយាយពាក្យថាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង ការអភិវឌ្ឍឡើយ៕ |