អង្គការសហប្រជាជាតិ (UN) បានថ្លែងអំណរគុណ ចំពោះប្រទេសកម្ពុជាដែលបានចូលរួម យ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់ UN នៅទូទាំងពិភពលោក។ លោក សុខ ចិន្តាសោភា និងលោក António Guterres ក្នុងឱកាសជំនួបពិភាក្សាការងាររវាងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនិងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នៅទីក្រុងញូវញ៉ក សហរដ្ឋអាម៉េរិក។ លោក António Guterres បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់ UN នៅទូទាំងពិភពលោក។ លោកក៏បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជានិង UN ក្នុងវិស័យជាច្រើនផ្សេងទៀត និងបានកោតសរសើរកម្ពុជាចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ លោក សុខ ចិន្តាសោភា បានលើកឡើងថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចចំនួន ៤ របស់អគ្គលេខាធិការរង UN ក្នុងចន្លោះខែឧសភានិងខែកក្កដា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជានិង UN។ លោកបានថ្លែងថា ថ្វីត្បិតតែកម្ពុជាជាប្រទេសតូចនិងធ្លាប់ឆ្លងកាត់សោកនាដកម្មនៃសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍ក៏ដោយ កម្ពុជាបច្ចុប្បន្ននេះមានមោទកភាពដែលបានចូលរួមបញ្ជូនកងកម្លាំងក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់ UN។ នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកផងដែរលើបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់រួម និងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការនេះ៕ |